{ស្រុកពារាំង}÷ព្រឹកថ្ង្ងៃទី២០ខែតុលាឆ្នាំ២០២៤ លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង និង លោក ឈុន សារ៉ាត ប្រធានក្រុមប្រឹក្សាស្រុកពារាំង បានចូលរួមជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាមហាជនស្រុកពារាំង ស្ថិតនៅបរិវេណសាលាបឋមសិក្សាស្នាយពល ភូមិស្នាយពល ឃុំរកា
ស្រុកពារាំង ខេត្តព្រៃវែង។ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងស្រុក នាយក នាយករង រដ្ឋបាលស្រុក អធិការនគរបាលស្រុក មេបញ្ជាការកងរាជវុធហត្ថស្រុក មេបញ្ជាការផ្នែកសឹករងស្រុក ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក មេឃុំ ស្មៀនឃុំ និងក្រុមកីឡាករទាំង៩ឃុំ។
លោក ផែង អូន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាពារាំងបានលើកឡើងថា នេះជាលើកទី១ដែលរដ្ឋបាលស្រុកពារាំង បានរៀបចំ ការប្រកួតកីឡាមហាជនក្នុងទ្រង់ទ្រាយធំ ដែលមានការចូលរួមពីក្រុមកីឡាករ មកគ្រប់ឃុំទូទាំង ស្រុក លើប្រភេទកីឡា បាល់ទាត់ បាល់ទះ ដើម្បីដណ្តើមពានរង្វាន់ រដ្ឋាបាលស្រុក ដើម្បីឈានចូលទៅប្រកួតនៅខេត្តព្រៃវែងជាបន្ត ដែលព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅ នៅថ្នាក់ស្រុកចាប់ពីថ្ងៃទី ១៩ ខែតុលាដល់ ថ្ងៃទី ២០ខែតុលា ឆ្នាំ២០២៤។
នាឱកាសនោះដែរលោក ចេម ប្រា អភិបាលនៃគណ:អភិបាលស្រុកពារាំង បានមានប្រសាសន៍ថា កីឡានាំមកនៅសាមគ្គីភាព និងបង្ហាញនូវក្តីស្រលាញ់ ដែលធ្វើឲ្យប្អូនៗ ក្មួយៗបានស្គាល់គ្នា ហើយចេះរាប់អានគ្នា បង្កើនមិត្តភាព សាមគ្គីភាព ដែលធ្វើឱ្យកីឡា កាន់តែរីកចម្រើនបន្តបន្ទាប់។
លោក ចេម ប្រា អភិបាលនៃគណ:អភិបាលស្រុកពារាំងក៏បានបន្ថែមទៀតថា បើគ្មានសុខសន្តិភាពពេញលេញ ពេញផ្ទៃប្រទេស គ្មាននយោបាយដឹកនាំប្រទេសច្បាស់លាស់នោះទេ គឺមិនមានពេលជួបជុំគ្នា ហើយក៏មិនមានឱកាសបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដូចថ្ងៃនេះដែរ ដូចពាក្យស្លោកថា (កីឡារស់ក្នុងសន្តិភាព)។
លោក ឈុន សារ៉ាត ប្រធានក្រុមប្រឹក្សាស្រុកបានលើកឡើងខ្លះៗថាកីឡាមហាជននេះជាការប្រកួតរវាងឃុំមួយនិងឃុំមួយគ្រប់ឃុំទាំង៩ ហើយក៏សូមអោយកីឡាករទាំងអស់បន្តការវឹកហាត់និងអនុវត្តន៍តាមលក្ខខណ្ឌតិក:របស់អាជ្ញាកណ្តាលនិងរក្សាអោយបាននូវមិត្តភាពរវាងគ្នានិងគ្នា និងដើម្បីជ្រើសរើសជើងឯកប្រចាំស្រុកពារាំងដើម្បីឈានទៅប្រកួតនៅថ្នាក់ខេត្តបន្តទៀត។
គូរបញ្ជាក់ផងដែរថា៖ សម្រាប់ពិធីបិទការប្រកួតកីឡាមហាជនស្រុកពារាំង រយៈពេល២ថ្ងៃនេះ
(ថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៤) មានក្រុមកីឡាករបាល់ទាត់ និងបាល់ទះ ចូលរួមមកប្រកួតចំនួន៩ឃុំ មាន÷
ឃុំកំពង់ពពិល ឃុំកំពង់ប្រាំង ឃុំកញ្ចំ ឃុំមេសរប្រចាន់
ឃុំព្រៃស្នៀត ឃុំព្រៃព្នៅ ឃុំព្រៃស្រឡិត ឃុំរាប និង ឃុំរកា ហើយក្រុមកីឡាករផ្នែកបាល់ទាត់ដែលជាប់ចំណាត់ថ្នាក់លេខ១ប្រចាំស្រុកពារាំងគឺក្រុមកីឡាករបាល់ទាត់មកពីឃុំព្រៃស្នៀត និងលេខ២បានទៅលើក្រុមកីឡាករបាល់ទាត់មកពីឃុំព្រៃព្នៅ,ចំណាត់ថ្នាក់លេខ៣ ក្រុមកីឡាករមហាជនមកពីឃុំ មេសរប្រចាន់។
ផ្នែកបាល់ទះ÷ចំណាត់លេខ១បានទៅលើក្រុមកីឡាករមហាជនមកពីឃុំ មេសរប្រចាន់,ចំណាត់ថ្នាក់លេខពីរបានទៅលើក្រុមកីឡាករមហាជនមកពីឃុំ ព្រៃស្រឡិត,ចំណាត់ថ្នាក់លេខបីបានទីលើក្រុមកីឡាករមហាជនមកពីឃុំ ព្រៃស្នៀត។
ក្នុងនោះដែរផ្នែកបាល់ទាត់: ចំណាត់ថ្នាក់លេខមួយទទួលបានពានរបស់រដ្ឋាបាលស្រុកចំនួនមួយ និងថវិកាចំនួន៤០ម៉ឺនរៀល,ចំណាត់ថ្នាក់លេខពីរទទួលបានថវិកាចំនួន៣០ម៉ឺនរៀល,ចំណាត់ថ្នាក់លេខបីទទួលបានថវិកាចំនួន២០ម៉ឺនរៀល។
ផ្នែកបាល់ទះ÷ ចំណាត់ថ្នាក់លេខមួយទទួលបានពានរបស់រដ្ឋាបាលស្រុកចំនួនមួយ និងថវិកាចំនួន២០ម៉ឺនរៀល,ចំណាត់ថ្នាក់លេខពីរទទួលបានថវិកាចំនួន១៥ម៉ឺនរៀល,ចំណាត់ថ្នាក់លេខបីទទួលបានថវិកាចំនួន១០ម៉ឺនរៀល៕
0 comments:
Post a Comment